សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម រាជបូណ៌ក្នុងបរិវេណវត្តរាជបូណ៌ នៅខេត្តសៀមរាប

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ជាមួយនិងភរិយាចូលរួមបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម រាជបូណ៌ក្នុងបរិវេណវត្តរាជបូណ៌ នៅខេត្តសៀមរាប នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ កក្កដា ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វត្តរាជបូណ៌ ជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តដទៃទៀតនៅក្នុងខេត្តសៀមរាប ដែលស្ថិតនៅក្នុងក្រុងតាមដងស្ទឹងសៀមរាប។ អារាមមួយនេះមានព្រះវិហារមួយដែលមានលក្ខណៈស្ថាបត្យកម្មល្អឯក អំឡុងនៃការសាងសង់ក្នុងរាជព្រះបាទនរោត្តម។ នៅលើជញ្ជាំងព្រះវិហារផ្នែកខាងក្នុង មានសិល្បៈដ៏រស់រវើកល្អវិចិត្រគឺគំនូរបុរាណរឿង «រាមកេរ្តិ៍» ដែលជារឿងល្បីល្បាញ នៅអាស៊ីអាគ្នេយ៍ គូរនៅរវាងឆ្នាំ១៩២០-១៩២៤។ អំពីអាយុកាលនៃការកកើតវត្តនោះ ពុំមានភស្តុតាងនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សារមន្ទីរព្រះមហាវិមលធម្ម ពិន សែម រាជបូណ៌ មានវត្ថុបុរាណដែល ត្រូវបានប្រមូលរក្សាទុករួមមាន វត្ថុសាងពីថ្ម ស្ពាន់ សំរិទ្ធ ទង់ដែង លង្ហិន ទេពរូប ព្រះពុទ្ធរូប និងគ្រឿងកុលាលភាជន៍នានា ដែលរក្សាទុកក្នុងវត្តរាជបូណ៌ដើម្បីរក្សាទុក និងតាំងបង្ហាញក្នុងអគារសារមន្ទីរនៅក្នុងវត្តរាជបូណ៌។ សារមន្ទីរនេះមានឈ្មោះថា សារមន្ទីរ ព្រះមហាវិមលធម្ម ពិន សែម រាជបូណ៌ ជាសារមន្ទីរព្រះពុទ្ធសាសនា ដើម្បីឱ្យមនុស្សជាតិទាំងអស់នៅលើពិភពលោកបានឃើញនូវសា្នដៃសិល្បៈដែលបន្សល់ពីបុព្វបុរសខ្មែរ។