អុជធូប អុជទៀន សូមបង្កើនការប្រុងប្រយ័ត្ន កុំឱ្យដូចករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋខ្ទិច នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប

ខេត្តសៀមរាប ៖ ម្ចាស់ផ្ទះអុជធូប និង អុជទៀន សុំសេចក្តីសុខចម្រើនរួចទុកចោលចុះមកក្រោមមិនប្រយ័ត្នបណ្តាលឱ្យឆេះផ្ទះហ្មត់មួយរំពេចក៏បង្កការភ្ញាក់ផ្អើលពេញភូមិ ដែលហេតុការណ៍ឆេះផ្ទះពលរដ្ឋបង្កការភ្ញាក់ផ្អើលទាំងយប់ដែលបានកើតឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០០ និង ២៥នាទី រលត់ទៅវិញនៅម៉ោង ១ និង ០០នាទី ថ្ងៃខែដដែល ត្រង់ចំណុចព្រំប្រទល់ភូមិ ខ្នា សង្កាត់ ជ្រាវ និង ភូមិ គោក ត្នោត ឃុំ កណ្ដែក ស្រុក ប្រាសាទបាគង ក្រុង/ខេត្ត សៀមរាម ។
បើតាមប្រសាសន៍ របស់លោក ឧត្តមសេនីយ៍ត្រី ឌុត ខុន ស្នងការរងទទួលការិយាល័យបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់តាមតេលេក្រាមនៅវេលាម៉ោងប្រមាណ ៧ និង ៣០នាទី ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នេះ ថា មានករណីភ្លើងឆេះផ្ទះឈ្មោះ សាយ លី ភេទ ស្រី អាយុ ៧៩ឆ្នាំ នៅត្រង់ចំណុច ព្រំប្រទល់ ភូមិ ខ្នា សង្កាត់ ជ្រាវ និង ភូមិ គោកត្នោត ឃុំ កណ្ដែក ស្រុក ប្រាសាទ បាគង ខេត្ត សៀមរាម តាមបណ្ដោយផ្លូវជាតិលេខ៦ ចម្ងាយពីអធិការស្រុក ១៣គីឡូម៉ែត្រ ចុះពីផ្លូវជាតិលេខ៦ ទៅផ្លូវបំបែក ខ្នា ប្រហែល ៣គីឡូម៉ែត្រ ។
លោកបន្ថែមថា ករណី ឆេះផ្ទះពលរដ្ឋនោះមិនបណ្តាលឱ្យមានការរាលដាលឆ្លងដល់ផ្ទះអ្នកជិតខាងហើយមិនបង្កឱ្យមាននរណាម្នាក់រងរបួសឡើយក្នុងហេតុការណ៍នោះ ។ ករណីនេះបង្កឲ្យមានការខូចខាតដូចជាផ្ទះ១ខ្នង អស់ទាំងស្រុងទំហំ ៧គុណ ៩ម៉ែត្រ ប្រក់ក្បឿង ឈើលើ ថ្មក្រោម កម្ពស់ ៥ ម៉ែត្រ ។ ខូចខាត ម៉ូតូ ១ គ្រឿង សង់សេ ១២៥ ឆ្នាំ ២០០៧ និង សម្ភារៈមួយចំនួនទៀតដែលនៅក្នុងផ្ទះ ។
ចំពោះ ករណីឆេះនេះមិនបណ្ដាលឱ្យប៉ះពាល់ដល់ ផ្ទះដែលនៅជុំវិញនោះទេ ដោយសាររថយន្តពន្លត់អគ្គិភ័យបានមកជួយអន្ដរាគមទាន់ពេល ។ ក្នុងពេលកំពុងកើតហេតុ រថយន្ដពន្លត់អគ្គិភ័យជួយអន្តរាគមន៍ចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤ឡាន ។ រថយន្ដស្នងការនគរបាលខេត្ត ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន។ រថយន្ដអប្សរា ១គ្រឿងប្រើប្រាស់ទឹកអស់១ឡាន ។
ចំពោះ មូលហេតុ ម្ចាស់ផ្ទះគាត់ដុតធូប និង ដុតទៀន មិនបានប្រយ័ត្នបណ្ដាលឱ្យឆេះផ្ទះតែម្ដង ។ បច្ចុប្បន្ន ផ្ទះពលរដ្ឋដែលឆេះហើយខូចខាតអស់ទាំងស្រុងនោះបើគិតជាទឹកប្រាក់ប្រមាណជិត ៥ម៉ឺនដុល្លារ ៕