ហេតុការដ៏រន្ធត់មួយបានកើតឡើងនៅដែនសមុទ្រប្រទេសអ៊ីតាលី បណ្តាលឱ្យមនុស្សជាច្រើននាក់បានស្លាប់ និងបាត់ខ្លួនរាប់សិបនាក់

ក្រុមជំនួយមន្ត្រីឆ្មាំឆ្នេរសមុទ្រ និងទីភ្នាក់ងារអង្គការរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញនេះថា មនុស្សចំនួន១១នាក់បានស្លាប់ និងជាង៦០នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួននៅឡើយ ហើយក្នុងនោះមានកុមារចំនួន២៦នាក់ផងដែរ បន្ទាប់ពីទូកជនចំណាកស្រុកចំនួន២គ្រឿង បានលិចទឹកនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអ៊ីតាលី ។
ក្រុមជំនួយនៃអង្គការសប្បុរសធម៌អាល្លឺម៉ង់ RESQSHIP ដែលប្រតិបត្តិការទូកជួយសង្គ្រោះ Nadir បាននិយាយថា ក្រុមជួយសង្គ្រោះរបស់ខ្លួន បានយកមនុស្សចំនួន៥១នាក់ចេញពីទូកឈើចំនួន១គ្រឿង ដែលលិចក្នុងទឹកសមុទ្រ ដោយក្នុងនោះមានមនុស្សចំនួន ២នាក់ បានសន្លប់បាត់បង់ស្មារតី និងបានរកឃើញសាកសពចំនួន១០នាក់ទៀតដែលជាប់នៅជាន់ខាងក្រោមទូក។ អ្នកនៅរស់រានមានជីវិត ត្រូវបានប្រគល់ជូនឆ្មាំឆ្នេរសមុទ្រអ៊ីតាលី ចំណែកឯទូកឈើជនចំណាកស្រុក កំពុងអូសទៅកាន់កោះ Lampedusa របស់ប្រទេសអ៊ីតាលី ដោយមានអ្នកស្លាប់ក្នុងទូកនោះផងដែរ។
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UNHCR អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក និង ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ UNICEF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ទូកនេះបានចាកចេញពីប្រទេសលីប៊ី ដោយមានដឹកជនចំណាកស្រុកមកពីប្រទេស ស៊ីរី អេហ្ស៊ីប ប៉ាគីស្ថាន និង បង់ក្លាដែស។
ភ្នាក់ងារបាននិយាយបន្ថែមទៀតថា ចំណែកឯទូកចំនួន១គ្រឿងទៀត ដែលបានលិចដូចគ្នានោះ ចេញពីប្រទេសទួរគី បានឆេះ ហើយក៏ក្រឡាប់លិចនៅប្រហែលជា២០០គីឡូម៉ែត្រ ស្មើនឹង១២៥ម៉ាយ ភាគខាងកើតនៃតំបន់ Calabria របស់ប្រទេសអ៊ីតាលី។ មនុស្សចំនួន៦៤ នាក់បានបាត់ខ្លួននៅឯសមុទ្រ ចំណែកឯ១១នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ និង នាំយកទៅកាន់ច្រាំងសមុទ្រ ដោយឆ្មាំឆ្នេរសមុទ្រអ៊ីតាលី រួមជាមួយនឹងសាកសពរបស់ស្ត្រីម្នាក់ផងដែរ។
បុគ្គលិក​របស់អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន អ្នកនាង Shakilla Mohammadi បាននិយាយថា អ្នកនាងបានឮពីអ្នកនៅរស់រានមានជីវិតពីការលិចទូកនេះថា មនុស្សចំនួន៦៦នាក់មិនត្រូវបានរាប់បញ្ចូល ក្នុងនោះមានកុមារយ៉ាងតិចចំនួន២៦នាក់ ដែលខ្លះមានអាយុត្រឹមតែពីរបីខែប៉ុណ្ណោះ។
អ្នកនាងបាននិយាយថា គ្រួសារទាំងអស់មកពីប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានគេសន្មត់ថា បានស្លាប់។ ពួកគេបានជិះទូកចាកចេញពីប្រទេសតួគីកាលពីប្រាំបីថ្ងៃមុន ហើយបានលិចទូកចូលទៅក្នុងទឹកអស់រយៈពេលពីរឬបីថ្ងៃមកហើយ។ អ្នកនៅមានជីវិតរស់នៅ បាននិយាយប្រាប់ពួកយើងថា ពួកគេមិនមានអាវការពារជីវិតនោះទេ ហើយមាននាវាមួយចំនួន មិនបានឈប់ ដើម្បីជួយពួកគេនោះទេ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយថា ជនចំណាកស្រុក ដែលមកពីទូកទីពីរ ដែលបានលិចនោះ គឺមកពីប្រទេសអ៊ីរ៉ង់ ស៊ីរី និង អ៊ីរ៉ាក់។
យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា ជនចំណាកស្រុកជាង២៣,៥០០នាក់ បានស្លាប់បាត់បង់ជីវិត ឬ បាត់ខ្លួននៅក្នុងដែនទឹករបស់ខ្លួន ចាប់តាំងពីឆ្នាំ២០១៤មកម្លេះ។
ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យរដ្ឋាភិបាលសហភាពអឺរ៉ុប បង្កើនកិច្ចខិតខំប្រឹងប្រែងស្វែងរក និង ជួយសង្គ្រោះនៅសមុទ្រមេឌីទែរ៉ាណេ និង ពង្រីកបណ្តាញការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និង ស្របច្បាប់ ដើម្បីឱ្យជនចំណាកស្រុក មិនត្រូវបានបង្ខំឱ្យប្រថុយជីវិតនៅលើសមុទ្រ។
កាលពីដើមខែនេះ សាកសពចំនួន១១នាក់ ត្រូវបានយកចេញពីសមុទ្រនៅឆ្នេរសមុទ្រនៃប្រទេសលីប៊ី។ ចំណែកឯឆ្នាំមុនវិញ នៅថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ទូកដឹកជនចំណាកស្រុកប្រហែល២០០នាក់ ចំនួន១គ្រឿង បានលិចចំពេលមានអាកាសធាតុអាក្រក់ ខណៈពេលដែលព្យាយាមចូលចតនៅឆ្នេរ Steccato di Cutro ដែលជាភូមិរមណីយដ្ឋានមាត់សមុទ្រ ក្បែរទីក្រុង Crotone ក្នុងតំបន់ Calabria ភាគខាងត្បូងប្រទេសអ៊ីតាលី។ ឧប្បទ្ទវហេតុនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន៩៤នាក់ រួមទាំងកុមារយ៉ាងហោចណាស់ចំនួន៣៥នាក់។ ចំណែកឯមនុស្សចំនួន៨១នាក់ផ្សេងទៀត បានរួចផុតអាយុជីវិត៕