បុកស្លាប់ បុករបួស! ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តសាំងយ៉ុង បុកចំពីក្រោយរថយន្ត ហ៊ីណូ កំពុងចតចោល បណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់

កំពង់ស្ពឺ ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីរថយន្តដឹកផ្លែឈើបុករថយន្តធំពីក្រោយនៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៤១-៤២ចំណុចភូមិចំការរដ្ឋ ឃុំវល្លសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពី ថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២៤ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្ដមួយគ្រឿង ម៉ាកសាំងយ៉ុង ពណ៌បៃតង ពាក់ផ្លាកលេខភ្នំពេញ2AC-6425 បើកបរដោយឈ្មោះ ទាល ស៊ីណា ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅផ្ទះលេខ១០ ផ្លូវលេខ២០៩ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ (រថយន្ដដឹកផ្លែឈើ) អ្នករួមដំណើរម្នាក់ ឈ្មោះ សោន ផុន ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅផ្លូវ៣៤ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (គាបស្លាប់ក្នុងរថយន្ដ) បើកបរទីទិសខាកើតទៅទិសខាងលិច ។
ប្រភពព័ត៌មានបានបញ្ជាក់ថា មកដល់ចំណុចខាងលើបានបុកពីក្រោយរថយន្ដមួយគ្រឿង ម៉ាកហ៊ីណូ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ3E-6020 សណ្ដោងសឺមីរ៉ឺម៉កពាក់ផ្លាកលេខភ្នំពេញ4B-0285 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដែលបានខូចចតទុកនៅលើផ្លូវពីទិសខាងកើតទៅទិសខាងលិចស្របទិសគ្នា។
សមត្ថកិច្ចបានបន្តទៀតថា ក្រោយកើតហេតុត្រូវបានក្រុមសង្គ្រោះ៧១១មកជួយគាស់យកសពស្ត្រីរងគ្រោះចេញពីរថយន្ដ។ ចំណែកអ្នកបើកបររងរបួសធ្ងន់បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ វត្ថុតាងរថយន្ដទាំង២គ្រឿងនៅកន្លែងកើតហេតុ ជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទងរងចាំដោះស្រាយនៅពេលក្រោយ៕