សម្តេចធិបតី បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ នៅវិមានសន្តិភាព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ កម្មវិធីប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៖ អស់រយៈពេលជាង ៨ខែ មកហើយ ដែលគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឬ គ.វ.រ. បានជួបប្រជុំគ្នា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៖ សារៈសំខាន់នៃការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ដែលប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់។ ការអនុវត្តវិធានការគន្លឹះនេះ ក៏ជាបុរេលក្ខខណ្ឌនៃការសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលត្រូវបានកំណត់ក្នុង យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ថា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ កម្ពុជា ជាសង្គមជាតិមួយដ៏រស់រវើក ដោយមានរដ្ឋរឹងប៉ឹង មានអភិបាលកិច្ចល្អ និងស្ថាប័នរឹងមាំ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ហើយបម្រើជាតិ និងប្រជាជន ប្រកបដោយប្រសិទ្ធភាព នៅក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ​ (Dynamics of Stakeholder System)។