សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាដល់អភិបាលខេត្តតាកែវ ត្រូវរកឱ្យឃើញក្រុមក្មេងទំនើង ដេញកាប់គ្នាអនាធិបតេយ្យ នៅម្ដុំផ្សារអង្គតាសោម

ចេញផ្សាយ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៤
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាដល់អភិបាលខេត្តតាកែវ ត្រូវរកឱ្យឃើញក្រុមក្មេងទំនើង ដេញកាប់គ្នាអនាធិបតេយ្យ នៅម្ដុំផ្សារអង្គតាសោម ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។
នាឱកាសអញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា» ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ម្សិលមិញស៊ែរ ចៅហ្វាយតាកែវ រកឱ្យឃើញក្រុមកាប់ដាវ នៅស្រុកត្រាំកក់ ឥឡូវរកបាន ២ ឬ ៣នាក់ហើយ តាមរកឱ្យឃើញ។ នៅកន្លែងខ្លះ ដាវសាំរ៉ៃ មិនគួរលក់ មិនដឹងលក់ធ្វើអី។ ប៉ុន្ដែរឿងអាវុធ ជារឿងមួយ អាវុធមិនសម្លាប់មនុស្សទេ អាវុធមិនធ្វើខុសទេ មនុស្សនេះឯង»។
កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមក្មេងទំនើង បានប្រដេញវាយគ្នា ប្រដាប់ដោយកាំបិត ពូថៅ យ៉ាងអនាធិបតេយ្យ នៅចំណុចខាងមុខផ្សារអង្គតាសោម លើបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។ ជាមួយគ្នានោះ កម្លាំងអាវុធហត្ថខេត្តតាកែវ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យមួយចំនួន ក្នុងចំណោមបក្ខពួកដែលពាក់ព័ន្ធ។
គួរជម្រាបផងដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី ២៣ ខែឧសភា បានបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ត្រូវបង្ក្រាបក្រុមក្មេងទំនើង ជាពិសេសក្រុមដាវស៊ាំម៉ូរ៉ៃ ដែលអុកឡុកក្នុងសង្គម ដោយគ្មានការយោគយល់ និងលើកលែង។ ការដាក់បទបញ្ជានេះ បន្ទាប់ពីសម្តេចសង្កេតឃើញថា នារយៈពេលកន្លងមកនេះមានករណីក្មេងទំនើងបង្កើតជាបក្ខពួកដេញកាប់ចាក់គ្នាយ៉ាងអណាធិបតេយ្យ ដែលបណ្តាលឱ្យមានអ្នករងរបួស និងប៉ះពាល់ទៅដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសង្គម។
ជាមួយគ្នានោះ អគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម ស ថេត បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយចាត់វិធានការជំនាញ និងវិធានការច្បាប់ ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបនូវរាល់សកម្មភាពក្មេងទំនើងឲ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់បំផុត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕