ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានព្រមានផលិតកម្ម ថោន ចំពោះការផលិតចម្រៀងបទ Team ទឹកត្នោតជូរ ច្រៀងដោយលោក ម៉ៅ ហាជី

លោកជំទាវបណ្ឌិត​​ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញ ព្រមានផលិតកម្ម ថោន អេនធើធេនមេន ចំពោះការផលិតចម្រៀងបទ Team ទឹកត្នោតជូរ ដែលរំលោភបំពានច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល

យោងតាម ស.ជ.ណ ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ របស់លោកជំទាវបណ្ឌិត​​ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានធ្វើការព្រមានផលិតកម្ម ថោន អេនធើធេនមេន ចំពោះការផលិតចម្រៀងបទ Team ទឹកត្នោតជូរ ច្រៀងដោយលោក ម៉ៅ ហាជី និពន្ធទំនុកច្រៀងដោយ លោក ថុន ស៊ីថែន និងនិពន្ធបទភ្លេងដោយ លោក ថុន ផានិត ដែលបានបង្ហោៈផ្សព្វផ្សាយលើប្រពន្ធ YouTube នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។

រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ការផលិតបទចម្រៀងខាងលើ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធសិលធម៌របស់អ្នកនិពន្ធ (សម្តេចព្រះមហាសង្ឃរាជ ជោតញ្ញាណោ ជួន ណាត) និងជាការប្រើប្រាស់បទភ្លេងដែលមានតម្លៃសម្រាប់ជាតិ និងប្រជាជន ទៅបំភ្លៃដោយពុំខ្លឹមសារអប់រំ និងគ្មានប្រយោជន៍សម្រាប់សង្គម។

រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជម្រាបមក ផលិតកម្ម ថោន អេនធើធេនមេន ត្រូវលុបចោលជាបន្ទាន់នូវការបង្ហោៈផ្សព្វផ្សាយបទចំរៀងខាងលើនេៈតាមគ្រប់មធ្យោបាយ និងត្រូវបញ្ឍប់នូវរាល់ការផលិតបទចម្រៀងដែលរំលោភច្បាប់សិទ្ធអ្នកនិពន្ធ និងសិទ្ធប្រហាក់ប្រហែល ព្រមទាំងធ្វើលិខិតសុំទោសសាធារណជនចំពោះ កំហុសដែលបានកើតឡើងខាងលើនេះ។