ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង​របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

នាព្រឹកថ្ងៃចន្ទ ១២ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធាននៃ អ.ដ.ក. ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ព្រមទាំង​ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

នៅក្នុងកិច្ចប្រជុំលើកទី១ នេះ អ.ដ.ក.​ មានរបៀបវារៈចំនួន ៣ ដែលត្រូវពិនិត្យ ពិភាក្សា និង​អនុម័ត ក្នុងនោះរួមមាន៖
ទី១-ផែនការការងារ និង​ផែនការហិរញ្ញវត្ថុ​សម្រាប់​កិច្ច​ដំណើរការ​របស់ អ.ដ.ក.
ទី២-កិច្ចដំណើរការនៃការសម្រុះសម្រួលដោះស្រាយវិវាទ និង
ទី៣-ការងារផ្សេងៗ។

ជាលទ្ធផល ក្នុងកិច្ចប្រជុំលើកទី១ នេះ អ.ដ.ក. បាន​សម្រេច​អនុម័ត​ជាគោលការណ៍លើ​:
ទី១-ផែនការការងារ និង​ផែនការ​ហិរញ្ញវត្ថុ​សម្រាប់​កិច្ចដំណើរការរបស់ អ.ដ.ក. និង
ទី២-សេចក្តីព្រាង​សេចក្តី​សម្រេច​ស្តីពីបែបបទ នីតិវិធី និងគុណវុឌ្ឍិសម្រាប់​ការ​ផ្តល់​នីតិសម្បទា​ជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.។

ទន្ទឹមគ្នានេះ​ អ.ដ.ក. នឹងធ្វេីកិច្ចសហការក្នុងភាពជាដៃគូ​ដេីម្បីដោះស្រាយវិវាទជូនប្រជាពលរដ្ឋជាមួយក្រសួង-ស្ថាប័ន​ និងអង្គភាពពាក់ព័ន្ធ​ រួមមាន:​ ក្រសួង​អធិការកិច្ច​ គណៈ​មេធាវី​នៃព្រះរាជាណាចក្រកម្ពុជា​ រដ្ឋបាលថ្នាក់ក្រោមជាតិ​ និងអង្គការសង្គមស៊ីវិល​ ជាដេីម។