រដ្ឋបាលរាជធានីភ្នំពេញ៖ បើទោះបីស្ថានភាពជំងឺកូវីដ-១៩បន្ដអូសបន្លាយនៅកម្ពុជាក្ដី តែការងារកសាងស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅនៅតែបន្តធ្វើ សម្រេចបានជាង៩២ ភាគរយហើយ

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បើទោះបីស្ថានភាពជំងឺកូវីដ-១៩ បានអូសបន្លាយពេលជិត២ឆ្នាំនៅកម្ពុជាយ៉ាងណាក្តី ប៉ុន្តែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងប្រទេសកម្ពុជា នៅតែដំណើរការជាធម្មតា។

បើតាមការបញ្ជាក់ឱ្យដឹងពីលោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២នេះថា សម្រាប់រាជធានីភ្នំពេញ ក្នុងបរិបទកូវីដ-១៩ ការអភិវឌ្ឃនៅតែបន្តសកម្មភាពដដែល ។ ជាក់ស្ដែងសម្រាប់ការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ គឺបានដំណើរការរហូតមក ដោយមកដល់ពេលនេះ ស្ពានអាកាស និងផ្លូវក្រោមដីនៃរង្វង់មូលចោមចៅ បានស្ថាបនារួចរាល់នៃចំណែកខ្លះហើយ ហើយក៏បានដាក់ឱ្យដំណើរការជូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ផងដែរ ដែលធ្វើឱ្យតំបន់នេះកាត់បន្ថយបានយ៉ាងខ្លាំង នូវការកកស្ទះចរាចរណ៍។

លោក ម៉េត មាសភក្ដី បានបន្តថា នេះជាការយកចិត្តទុកដាក់មួយរបស់អាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានន័យថា បើទោះបីដៃម្ខាងទប់ស្កាត់ជំងឺកូវីដ-១៩ តែដៃម្ខាងទៀត នៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធនានា សម្រាប់បម្រើឱ្យផលប្រយោជន៍សាធារណៈ នៅក្នុងរាជធានីភ្នំពេញ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានបើកឱ្យចរាចរស្ពានអាកាសថ្មីបន្ថែម១ខ្សែទៀត ជាបណ្តោះអាសន្ន ដោយចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទីព្រឹក។ ស្ពានកំណោងថ្មីនេះ មានប្រវែង ២០០ម៉ែត្រ ទទឹង ៥,២៥ម៉ែត្រ ជាស្ពានឯកទិស ធ្វើចរាចរ ពីមហាវិថីចោមចៅ ឡើងលើស្ពានអាកាសកំណោង រួចបត់ឆ្វេងទៅភ្ជាប់ចរាចរឆ្ពោះទៅផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ។ បើគិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ការដ្ឋានសាងសង់សម្រេចបាន៩២ភាគរយ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ហើយមកដល់ពេលនេះ បានដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ស្ពានអាកាស និងផ្លូវក្រោមដីបានចំនួន ៥ខ្សែ ក្នុងចំណោម៨ខ្សែ នៃគម្រោង ។

ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិក ជនកម្ពុជា (OCIC) ដោយប្រើប្រាស់ការសាងសង់រយៈពេល៣០ខែ និងចំណាយថវិកាសាងសង់ប្រមាណ ២២លានដុល្លាអាម៉េរិក។

ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការដ្ឋាននេះត្រូវសាងសង់ដោយបែងចែកជា៣ផ្នែកគឺ ស្ពានទី១ ជាស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅ និងពីរគន្លងមកជម្រាលស្ពាន ៤,៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរក្រោមស្ពានមាន៥,៥ម៉ែត្រ។ស្ពានទី២ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប ២០២ម៉ែត្រ (ស្ពានអាកាសប្រវែង ៤០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ។

ស្ពានទី៣ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង២៨ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

ផ្លូវនិងផ្លូវក្រោមដី ជាផ្លូវកោង តភ្ជាប់ចរាចរពីផ្លូវវេងស្រេងមកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង១៣ម៉ែត្រ និងផ្លូវលើដីប្រវែង១១៧ម៉ែត្រ) ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត ។ ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោ ចក្រយានយន្ត។ ផ្លូវក្រោមដី ជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ទទឹង៨,៥ម៉ែត្រ ។ ល្បឿនសុវត្ថិភាព ២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៥,២៥ម៉ែត្រ និងទំហំ៥,៥ម៉ែត្រ ។

ស្ពាននឹងមានអាយុកាល១០០ឆ្នាំ មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ។

សូមបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅនេះ បានបើកការដ្ឋានសាងសង់ជាផ្លូវការកាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨កន្លងមក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕

CATEGORIES
Share This