នៅវេលាម៉ោង១៣.១៥នាទី(ម៉ោងនៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី) ត្រូវនឹងម៉ោង១២.១៥នាទី ម៉ោងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរទៅដល់ ទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ
នៅប្រទេសឥណ្ឌូនេស៊ី ក្នុងក្របខ័ណ្ឌអាស៊ាននេះ ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ដល់ទី១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។
នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំអាស៊ាន នឹងពិភាក្សាអំពីវិធីសាស្ត្រ និងមធ្យោបាយនានាក្នុងការរក្សានូវសន្ទុះនៃការកសាងសហគមន៍អាស៊ាន ជំរុញលើរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អាស៊ាន ដើម្បីសម្រេចបាននូវសហគមន៍មួយប្រកបដោយបរិយាប័ន្ន ការចូលរួម និងកិច្ចសហប្រតិបត្តិការព្រមទាំងពន្លឿនការអភិវឌ្ឍនូវចក្ខុវិស័យរបស់សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ សំដៅប្រែក្លាយអាស៊ាន ជាសហគមន៍ដែលតម្រង់ទិសដៅអនាគត និងជាតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព វិបុលភាព និងភាពធន់។ ទន្ទឹមនេះ ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម រួមទាំងការអនុវត្តលើការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចស្ដីពីមីយ៉ាន់ម៉ា និងសេចក្តីសម្រេចរបស់មេដឹកនាំអាស៊ាន និងការអនុវត្តលើទស្សនវិស័យរបស់អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ៕