នៅព្រឹក ថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
សូមជម្រាបថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មី ដែលនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ មានអគារធំៗចំនួន ២ ដែលបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០កន្លងទៅនេះ ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានទំហំប៉ុនគ្នា កម្ពស់ ៤ ជាន់ ស្មើ ១៥,១០ ម៉ែត្រ រួមមានជាន់ផ្ទាល់ដី ជាន់ទី ១ ជាន់ទី ២ ជាន់ទី ៣។
មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មីនេះ ត្រូវបានសាងសង់ក្នុងទីតាំងមន្ទីរពេទ្យបង្អែកចាស់ និងមានការបំពាក់នូវសម្ភារបរិក្ខារពេទ្យទំនើបៗ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រានី ហ៊ុនសែន ហើយដឹកនាំការសាងសង់ដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។
ពាក់ព័ន្ធនឹងសមិទ្ធិផលថ្មីធំស្កឹមស្កៃ លើវិស័យសុខាភិបាលនេះ ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ជាពិសេសក្នុងស្រុកក្រូចឆ្មារ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ចំពោះការទទួលបានសេវាសុខាភិបាលកម្រិតស្តង់ដារខ្ពស់ សម្ភារៈទំនើប និងក្រុមគ្រូពេទ្យជំនាញៗមកព្យាបាល ដោយមានទីតាំងនៅកៀកជិតនឹងផ្ទះរបស់ពួកគាត់ ព្រមទាំងជួយកាត់បន្ថយថវិកា និងពេលវេលា ក្នុងការធ្វើដំណើរ និងពិនិត្យព្យាបាល ក្រោមការគិតគូរបំផុតពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងក្រោមម្លប់នៃសន្តិភាព៕