សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៏ថា ប្រទេសកម្ពុជា និង ផលិតនូវស្វាយចន្ទីច្រើនជាងគេបំផុតនៅលើពិភពលោក
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង នៅក្នុងពិធីបុណ្យទន្លេលើកទី៧ ដែលប្រារព្ធធ្វើឡើងនៅសួនច្បារស្ទឹងសែន ខេត្តកំពង់ធំ នាយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នេះ ថា សម្តេច បានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះផលិតផល ដែលផលិតដោយស្នាដៃខ្មែរ នៅតាមស្ដង់នានា ឱកាសនៃការរៀបចំពិធីបុណ្យទន្លេលើកទី៧នេះ។ ទន្ទឹមគ្នានេះផងដែរ សម្ដេចតេជោបានឲ្យដឹងថា សម្ដេចកំពុងតែស្រមៃថា ប្រទេសកម្ពុជានឹងក្លាយទៅជាប្រទេសដែលផលិតនូវស្វាយចន្ទីច្រើនបំផុតនៅលើពិភពលោក។ សម្ដេចតេជោបានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ស្វាយចន្ទីរបស់ប្រទេសកម្ពុជាបានហួសប្រទេសកូឌីវ័រ ដែលមានត្រឹម១.១តោន (១លាន១សែនតោន) ប៉ុន្ដែកម្ពុជាមានស្វាយចន្ទីចំនួន១.១៨ លានតោន (១លាន១សែន៨ម៉ឺនតោន) រួចស្រេចទៅហើយ។សម្ដេចតេជោសង្ឃឹមថា កម្ពុជានាពេលអនាគត បន្ទាប់ពីមានសន្ដិភាព បូកជាមួយនឹងគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព គឺមួយផ្នែកទាក់ទាញទេសចរណ៍ ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺផលិតកម្ម ដែលបម្រើឲ្យសេចក្ដីត្រូវការរបស់ប្រជាជន ក៏ដូចជាផ្គត់ផ្គង់ទេសចរណ៍។