សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង នៅក្នុងពិធីបុណ្យទន្លេលើកទី៧ ដែលប្រារព្ធធ្វើឡើងនៅសួនច្បារស្ទឹងសែន ខេត្តកំពង់ធំ នាយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នេះ ថា សម្តេច មិនខ្លាចញញើតក្នុងការប្រើប្រាស់មធ្យោបាយ និងវិធានការចំពោះអ្នកដែលមានបំណង ឬធ្វើសកម្មភាពបំផ្លាញសន្តិភាពរបស់ប្រទេសកម្ពុជានោះឡើយ។ សម្តេចបានចាត់ទុកថា សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់ ហើយបើគ្មានសន្តិភាពទេនោះ សូមកុំនិយាយដល់បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺនិយាយត្រឹមតែសិទ្ធិរស់រានមានជីវិតប៉ុណ្ណោះ។ សម្តេចតេជោបានអំពាវនាវប្រជាពលរដ្ឋនៅទូទាំងប្រទេសរួបរួមគ្នា ដើម្បីរក្សាការពារនូវសន្តិភាពដែលរកបានទាំងលំបាក និងមិនត្រូវឱ្យប្រទេសណាមួយ ឬក្រុមណាមួយមកបំផ្លាញសន្តិភាពនៅក្នុង ប្រទេសនេះទេ។