រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បានអញ្ជើញចុះជួបប្រជាពលរដ្ឋដែលរស់នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដើម្បីធ្វើការពន្យល់កុំឲ្យមានការភាន់ច្រលំ
ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃសុក្រ ១២ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បានអញ្ជើញចុះជួបប្រជាពលរដ្ឋរស់នៅក្នុងភូមិទាំង៦ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្នុងជំនួបជួបប្រជុំជាមួយបងប្អូនប្រជាពលរដ្ឋមានរដ្ឋមន្រ្តីពីរក្រសួងចូលរួមគឺ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ក្នុងកិច្ចប្រជុំវេទិការសាធារណៈនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអះអាងថា នឹងមិនមានការរុះរើសំណង់និងលំនៅឋានរបស់ពលរដ្ឋក្នុងភូមិទាំង៦ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី នោះឡើយ។
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកសំណូមពរដល់ពលរដ្ឋនៅឃុំព្រះដាក់ ជួយទប់ស្កាត់ការសង់សំណង់ និងអ្នកចំណូលថ្មីនៅឃុំនេះ ដើម្បីបញ្ចៀសការប៉ះពាល់ដល់រមណីយដ្ឋានអង្គរ។
សូមរម្លឹកឡើងវិញដែរថា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ បានថ្លែងក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» សម្តេចតេជោ បានចាត់ឲ្យ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ប្រញាប់ចុះជួបជាមួយបងប្អូនប្រជាពលរដ្ឋនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ នៅសាលាឃុំព្រះដាក់ ដើម្បីពន្យល់ដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យមានការភាន់ច្រឡំ៕អត្ថបទដោយលោក៖ ហង្ស រដ្ឋា